ជាទូទៅទារកត្រូវបន្តសម្របខ្លួនជាមួយនិងជីវិតដែលរស់នៅខាងក្រៅស្បូនក្នុងរយៈពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីកើត រយៈពេលនេះគឺជារយៈពេលដែលងាយចុះត្រជាក់បំផុត (Hypothermia) សម្រាប់ទារក។
ចំពោះការផលិតកម្តៅរបស់ទារកគឺត្រូវការប្រើប្រាស់អុកស៊ីហ្សែននិងក្លុយកូស ដូចនេះការបាត់បង់កម្តៅរយៈពេលយូរ (persistent hypothermia) ធ្វើឱ្យមានបញ្ហាគ្រោះថ្នាក់ជាច្រើនដូចជាៈ បាត់បង់ជាតិស្ករក្នុងឈាម (Hypoglycemia), ធ្វើឲ្យមានជាតិអាស៊ីតនៅក្នុងឈាម (Metabolic acidosis), ធ្វើឱ្យថយចុះផលិតផលស៊ូហ្វាក់តង់ (decreased surfactant production), ធ្វើឱ្យមានតម្រូវការកាល់ឡូរិក(Caloric) កើនឡើង, និងប្រសិនបើរ៉ាំរ៉ៃ វានឹងធ្វើឱ្យការឡើងទម្ងន់របស់ទារកយ៉ាងយឺតយ៉ាវ។
ចំពោះទារកដែលកើតមិនគ្រប់ខែ និងទារកដែលមានទម្ងន់ពីកំណើតទាប ការបាត់បង់កំដៅធ្ងន់ធ្ងរ អាចធ្វើឲ្យមានការហូរឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យពិការភាព ឬបាត់បង់ជីវិត បើយើងធ្វើការសង្គ្រោះមិនទាន់ពេលវេលា។
ក) ចំណាត់ថ្នាក់ការបាត់បង់កម្តៅ៖
យើងអាចដឹងចំណាត់ថ្នាក់នៃការបាត់បង់កម្តៅដូចខាងក្រោមៈ
- ៣៦.០ - ៣៦.៤ អង្សាសេ ការបាត់បង់កម្តៅល្មម (Mild Hypothermia)
- ៣២.០ - ៣៥.៩ អង្សាសេ ការបាត់បង់កម្តៅមធ្យម (Moderate Hypothermia)
- ក្រោម ៣២ អង្សាសេ ការបាត់បង់កម្តៅធ្ងន់ធ្ងរ (Severe Hypothermia)
ខ) ការវាស់វែង៖
នៅពេលទារកឡើងកម្តៅ យើងអាចវាស់សីតុណ្ហភាពរាងកាយទារកដោយប្រើប្រាស់សីតុណ្ហមាត្របារ៉ត ឬ អេឡិចត្រូនិច។ នៅពេលដែលលទ្ធផលបង្ហាញថាកម្តៅចុះទាប យើងនឹងធ្វើការគ្រប់គ្រងកម្តៅ។
គ) ការគ្រប់គ្រងកម្តៅចុះទាប៖
យើងអាចគ្រប់គ្រងការថយចុះកម្តៅ ទៅតាមកម្រិតរបស់វាៈ
- ក្នុងករណីបាត់បង់កម្តៅល្មម (Mild Hypothermia) យើងត្រូវផ្តល់កម្តៅឱ្យទារកដោយដាក់ទារកឱ្យស្បែកប៉ះស្បែក នៅក្នុងបន្ទប់ដែលមានកម្តៅយ៉ាងតិច២៥អង្សាសេ និង បន្តការបំបៅដោះដល់ទារកដើម្បីផ្តល់កាឡូរី (Calories) និង សារធាតុរាវ។
- ក្នុងករណីបាត់បង់កម្តៅមធ្យម និង ធ្ងន់ធ្ងរ (Mild/Severe Hypothermia) យើងត្រូវផ្តល់កម្តៅឱ្យទារកដោយរុំទារកនឹងកន្សែង, ពាក់មួក និងធ្វើសម្បុកឱ្យទារក (Nest) ហើយបន្ទាប់មកដាក់ទារកក្រោមម៉ាស៊ីនកម្តៅ (Warmer Machine) រហូតដល់ទារកមានកម្តៅធម្មតា។ ក្នុងករណីដែលគ្រប់គ្រងការថយចុះកម្តៅមិនបាន ត្រូវបញ្ជូនទារកទៅមន្ទីរពេទ្យដែលមានផ្នែកសង្គ្រោះទារកជាបន្ទាន់។
ប្រសិនបើទារកមានសញ្ញាមិនប្រក្រតី ឬការថយចុះកម្តៅធ្ងន់ធ្ងរដែលមិនអាចគ្រប់គ្រងបាន សូមប្រញាប់នាំទារកមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាដំបូន្មាន និងជួយសង្គ្រោះទារកទាន់ពេលវេលា។
ប្រភព៖ Calmette Hospital
0 Komentar